ប្រជាកសិករ នៅខេត្តពោធិ៍សាត់ អនុវត្តការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងប្រព័ន្ធធារាសាស្ត្រដំណាក់អំពិលបានប្រមាណ ១ម៉ឺន៣ពាន់ហិកតា
ពោធិ៍សាត់៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល និងការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងភូមិដំណាក់អំពិល សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅភាគខាងលិចចម្ងាយ ១៨គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់។
កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
បើតាមក្រសួងធនធានទឹក គិតត្រឹមខែមករានេះ ប្រជាកសិករអនុវត្តការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងប្រព័ន្ធធារាសាស្ត្រដំណាក់អំពិលបានប្រមាណ ១៣.០០០ហិកតា។
ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិលទទួលប្រភពទឹកពីតំបន់ជួរភ្នំក្រវាញតាមដងស្ទឹងពោធិ៍សាត់ និងទំនប់អាងស្ដុកទឹកលេខ៣ និងទំនប់អាងស្ដុកទឹកលេខ៥ ក្នុងស្រុកភ្នំក្រវាញ។ ប្រព័ន្ធនេះគ្របដណ្តប់លើឃុំ-សង្កាត់ចំនួន ១១ នៃក្រុង-ស្រុកចំនួន៣ នៃខេត្តពោធិ៍សាត់ គឺក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកបាកាន។
ក្រសួង បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិលបានចាប់ផ្តើមសាងសង់ និងជួសជុលឡើងវិញក្នុងឆ្នាំ២០០៦ មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១)សំណង់មេកាត់ស្ទឹងពោធិ៍សាត់ចំនួន ១កន្លែងប្រវែង ១៤៤ម៉ែត្រ ទី២)ប្រឡាយមេចំនួន ១ខ្សែប្រវែង ២០,៧គីឡូម៉ែត្រ ទី៣)ប្រឡាយរងចំនួន ១៤ខ្សែប្រវែង ៩៩,៦៦គីឡូម៉ែត្រ ទី៤)ប្រឡាយស្រោចស្រពបញ្ចូលស្រែចំនួន ២៥៩ខ្សែ ប្រវែង ៣៣៤,៨៤គីឡូម៉ែត្រ ទី៥)ប្រឡាយដោះទឹកចំនួន ២០ខ្សែប្រវែង៩៧,៥០គីឡូម៉ែត្រ និង ទី៦)សំណង់ទ្វារទឹកនិងសំណង់ដោះទឹកសរុបចំនួន ៣៨០កន្លែង មានប្រជាពលរដ្ឋទទួលផលចំនួន ៧.៨៦០គ្រួសារ និងមានសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ៥សហគមន៍៕















Post a Comment