២០ថ្ងៃដើមឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើង ៩ករណី ឃាត់ខ្លួនមនុស្ស ៣៨នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ៖ រយៈពេល២០ថ្ងៃ នៃខែមករា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ក្រាបករណីក្មេងទំនើង ចំនួន៩ករណី ឃាត់ខ្លួនមនុស្ស៣៨នាក់ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះរួមមាន ក្មេងទំនើងដែលបានធ្វើសកម្មភាពប្លន់ ១ករណី មនុស្ស៨នាក់, ក្មេងទំនើងបង្កហិង្សាដោយចេតនា ៧ករណី មនុស្ស២១នាក់ និងក្មេងទំនើងកាប់បំផ្លាញម៉ូតូ ១ករណី មនុស្ស៥នាក់។
យោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ លោកបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៥ លោកបានដាក់បទបញ្ជា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ដប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះដោយមិនដកដៃឡើយ ព្រោះសមត្ថកិច្ចមិនអាចបណ្ដែតបណ្ដោយឲ្យក្រុមក្មេងទំនើង បន្ដប្រព្រឹត្តសកម្មភាពល្មើសច្បាប់កាប់ចាក់ បង្កហិង្សា និងឈានទៅប្រព្រឹត្តអំពើមនុស្សឃាតជាដើម។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា យន្ដការចេញដែលលោកបានដាក់ចេញដើម្បីបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមក្មេងទំនើង ក្នុងនោះរួមមាន ទី១ យន្ដការផ្សព្វផ្សាយអប់រំ, ទី២ យន្ដការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបករណីសេសសល់ និងទី៣ យន្ដការរឹតបន្ដឹង និងអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។ លោកក៏បានយល់ឃើញថា មូលហេតុចម្បងចំនួន៣ ដែលនាំឲ្យក្រុមយុវជនទាំងនោះ ដើរផ្លូវខុសច ទី១ ភ្លើតភ្លើនតាមគ្នា, ទី២ ខ្វះការអប់រំ, ទី៣ ធ្វេសប្រហែសរបស់អាណាព្យាបាល។
ជាមួយគ្នានេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវទៅកាន់ ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ចូលរួមសង្កេតមើលសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន និងផ្ដល់ព័ត៌មានទៅកាន់អធិការខណ្ឌ ឬមួយអភិបាលខណ្ឌក្នុងមូលដ្ឋាន ប្រសិនបើមានករណីសង្ស័យណាមួយ។ ការទប់ស្កាត់ក្រុមក្មេងទំនើង ក៏ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕






Post a Comment